Acts 25

1ដូច្នេះពេល​លោក​ភេស្ទុសមកដល់ស្រុកនោះបានបីថ្ងៃ​គាត់​ក៏​ធ្វើដំណើរពី​ក្រុង​សេសារាទៅ​ក្រុង​យេរូសាឡិម 2ពេលនោះពួក​សម្ដេច​សង្ឃនិង​ពួក​អ្នកដឹកនាំ​របស់​ជនជាតិ​យូដា​បាន​ប្ដឹងគាត់ទាស់នឹង​លោក​ប៉ូលទាំងទទូចអង្វរ 3សុំការ​យល់ព្រមពីគាត់​ឲ្យ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡិមវិញ​ព្រោះ​ពួកគេ​បាន​ឃុបឃិតគ្នា​ដើម្បី​សម្លាប់​លោក​ប៉ូលតាមផ្លូវ 4ប៉ុន្ដែលោក​ភេស្ទុសឆ្លើយថា​លោក​ប៉ូល​កំពុង​ជាប់​ឃុំ​នៅក្រុងសេសារា​នៅ​ឡើយរីឯ​គាត់​ផ្ទាល់ក៏ចង់ទៅពេលឆាប់ៗ​នេះ​ដែរ 5ដូច្នេះគាត់​ក៏​និយាយ​ថាបើសិនជាបុរសនោះ​មាន​កំហុសអ្វី​សូម​ឲ្យ​ពួក​អ្នក​មាន​ឥទ្ធិពលក្នុងចំណោមអ្នករាល់គ្នាទៅជាមួយ​ខ្ញុំ​ដើម្បី​ឲ្យ​ពួកគេ​ចោទប្រកាន់គាត់​ចុះ»។ 6ពេលបាន​ស្នាក់នៅជាមួយពួកគេមិនលើសពីប្រាំបីដប់ថ្ងៃ​លោក​ភេស្ទុស​ក៏​ចុះ​ទៅក្រុងសេសារា​ហើយ​នៅថ្ងៃបន្ទាប់​គាត់​ក៏​អង្គុយក្នុងសាលាក្ដីបង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូលមក 7ពេលលោក​ប៉ូលមកដល់​ពួក​ជនជាតិយូដា​ដែល​មកពី​ក្រុង​យេរូសាឡិម​ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូលទាំងធ្វើ​ការ​ចោទ​ប្រកាន់ធ្ងន់ៗច្រើនករណី​ទាស់​នឹង​គាត់​ដែល​ពួកគេ​មិន​អាច​បង្ហាញភស្ដុតាងបានឡើយ 8ប៉ុន្ដែលោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួនថា៖ ​«ខ្ញុំ​មិន​បាន​ធ្វើ​អ្វីខុសនឹងគម្ពីរវិន័យរបស់​ពួក​ជនជាតិយូដា​ព្រះ​វិហារព្រះចៅអធិរាជ​ឡើយ»។ 9ប៉ុន្ដែដោយ​លោក​ភេស្ទុសចង់ផ្គាប់ចិត្ដ​ពួក​ជនជាតិយូដា​ក៏​សួរចម្លើយ​ទៅ​លោក​ប៉ូលថា៖ ​«តើ​អ្នក​សុខចិត្ដឡើងទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ឲ្យ​ខ្ញុំជំនុំជម្រះអំពី​រឿងក្ដី​ទាំងនេះនៅ​ទី​នោះ​ដែរ​ឬ​ទេ? 10ពេលនោះលោក​ប៉ូលឆ្លើយថា៖ ​«ដូចដែលលោកដឹងច្បាស់​ហើយ​ថាខ្ញុំ​បាន​ឈរនៅ​ចំពោះ​មុខសាលាក្ដី​របស់​ព្រះចៅអធិរាជ​ហើយ​ជា​កន្លែង​ដែលខ្ញុំត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ពួក​ជនជាតិយូដា​ឡើយ 11បើសិនខ្ញុំ​ធ្វើខុសធ្វើអ្វីមួយសមស្លាប់​មែន​នោះ​ខ្ញុំ​មិនរួញរានឹងស្លាប់ឡើយប៉ុន្ដែបើសេចក្ដីដែល​អ្នក​ទាំងនេះចោទប្រកាន់ខ្ញុំគ្មាន​ហេតុផល​ទេ​នោះ​គ្មាន​អ្នកណា​ម្នាក់​អាចប្រគល់ខ្ញុំ​ទៅ​ឲ្យ​ពួកគេបានឡើយ​ខ្ញុំ​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅព្រះចៅអធិរាជ»។ 12ពេលលោក​ភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា​រួច​ហើយក៏និយាយថា៖ ​«អ្នក​បាន​សូម​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ​ដូច្នេះ​អ្នក​នឹង​ទៅជួបព្រះចៅអធិរាជមិនខាន 13លុះប៉ុន្មានថ្ងៃក្រោយមកស្ដេចអ័គ្រីប៉ានិង​ព្រះនាង​បេរេនីស​បាន​មកដល់ក្រុងសេសារា​ដើម្បី​សំដែង​ការ​គួរសមចំពោះ​លោក​ភេស្ទុស 14កាលស្ដេច​ស្នាក់នៅទីនោះជាច្រើនថ្ងៃលោកភេស្ទុស​ក៏​ប្រាប់ស្ដេចអំពីរឿងក្ដីរបស់​លោក​ប៉ូលថា៖ ​«មានបុរសម្នាក់​ជា​អ្នកទោស​ដែល​លោក​ភេលីចទុក​ឲ្យ​នៅ​ជាប់​ឃុំ 15ហើយពេល​ខ្ញុំ​ឡើងទៅ​ក្រុង​យេរូសាឡិម​ពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំរបស់​ពួក​ជនជាតិយូដា​បាន​ប្រាប់​ខ្ញុំ​អំពីបុរសនេះ​ទាំង​ទទូចសុំ​ការ​ផ្ដន្ទាទោសដល់គាត់ 16ប៉ុន្ដែខ្ញុំ​បាន​ប្រាប់អ្នកទាំងនោះថាជនជាតិរ៉ូមគ្មានទម្លាប់ប្រគល់មនុស្សណាម្នាក់មុន​ពេល​ដែលអ្នកចុងចោទមានឱកាសទទួលបានការការពារខ្លួននៅមុខអ្នកដើមចោទចំពោះការ​ចោទ​ប្រកាន់​នោះ​ឡើយ 17ដូច្នេះពេល​ពួកគេ​មក​ជួបជុំគ្នានៅទីនេះ​ខ្ញុំ​មិនបង្អង់ឡើយ​ក៏​បញ្ជា​ឲ្យ​គេ​នាំបុរសនោះមក​ហើយ​ធ្វើ​ការ​ជំនុំ​ជម្រះនៅ​ថ្ងៃ​បន្ទាប់ 18ប៉ុន្តែពេល​ពួក​ដើមចោទ​ក្រោក​ឈរចោទប្រកាន់អំពី​កររណី​របស់​គាត់​នោះ​មិនអាក្រក់ដូចដែលខ្ញុំស្មានឡើយ 19ដ្បិតពួកគេ​មានជម្លោះជាមួយគាត់អំពីសាសនា​របស់​ពួកគេ​ផ្ទាល់និងអំពីម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​គឺ​ជា​អ្នក​ដែលប៉ូលអះអាងថា​នៅ​មានជីវិត 20ហើយដោយ​ខ្ញុំមិនច្បាស់ក្នុងការស៊ើបអង្កេត​អំពី​បញ្ហា​ទាំងនេះ​ខ្ញុំ​ក៏​សួរ​គាត់​ក្រែងលោ​គាត់​សុខចិត្តទៅ​ក្រុង​យេរូសាឡិមហើយទទួល​យក​ការ​ជំនុំ​ជម្រះចំពោះ​បញ្ហា​ទាំងនោះ​នៅ​ទីនោះ 21ប៉ុន្ដែពេល​ប៉ូល​សុំ​ឲ្យ​ឃុំគាត់ទុក​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​សុំសេចក្ដីសម្រេចពីព្រះចៅអធិរាជ​ខ្ញុំ​ក៏​បញ្ជា​ឲ្យ​ឃុំគាត់ទុករហូតដល់ពេល​ខ្ញុំ​អាច​បញ្ជូនគាត់ទៅព្រះចៅអធិរាជបាន»។ 22ពេលនោះស្ដេច​អ័គ្រីប៉ា​មានបន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖ ​«ខ្ញុំ​ផ្ទាល់ក៏ចង់ស្ដាប់បុរសនោះដែរ» ​លោក​ភេស្ទុស​ទូលថា៖ ​«នៅ​ថ្ងៃ​ស្អៃក​ព្រះអង្គ​នឹង​បាន​ស្ដាប់គាត់ហើយ»។ 23ដូច្នេះនៅថ្ងៃបន្ទាប់​ស្ដេច​អ័គ្រីប៉ានិង​ព្រះនាង​បេរេនីស​បាន​យាង​មកជាមួយក្បួនអធិកអធម​ដ៏​អស្ចារ្យហើយ​បាន​ចូលទៅក្នុងសាលប្រជុំព្រមជាមួយ​ពួក​មេបញ្ជាការនិង​ពួក​អ្នកមុខអ្នកការក្នុងក្រុងនោះ។ ​បន្ទាប់មក​លោក​ភេស្ទុសក៏បញ្ជា​ឲ្យ​នាំ​លោក​ប៉ូលមក 24ដោយនិយាយថា៖ ​«ឱ​ស្ដេចអ័គ្រីប៉ានិងអស់លោក​ដែល​មាន​វត្ដមាន​នៅ​ទីនេះ​ជាមួយ​យើងបុរស​ដែល​អស់លោក​ឃើញនេះហើយដែលបណ្ដាជននៃ​ពួក​ជនជាតិយូដាទាំងអស់ទាំងនៅ​ក្រុង​យេរូសាឡិមនិងនៅទីនេះ​បាន​ប្ដឹងឧទ្ធរណ៍​មក​ខ្ញុំ​ដោយ​ស្រែកថាគាត់មិនសមរស់នៅទៀតទេ 25រីឯខ្ញុំឃើញថាគាត់មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់ឡើយប៉ុន្ដែ​ដោយ​គាត់ផ្ទាល់​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ​ខ្ញុំ​ក៏សម្រេចថា​នឹង​បញ្ជូន​គាត់​ទៅ 26ប៉ុន្ដែខ្ញុំ​គ្មានសំណុំរឿងច្បាស់លាស់​អំពី​គាត់​សរសេរថ្វាយទៅ​ព្រះចៅអធិរាជ​ទេដូច្នេះហើយ​បាន​ជា​ខ្ញុំ​នាំគាត់មកនៅ​ចំពោះ​មុខអស់លោកជាពិសេស​ឱ​ស្ដេចអ័គ្រីប៉ា​អើយ! ​គឺនៅ​ចំពោះ​មុខព្រះអង្គដើម្បី​បន្ទាប់​ពី​មានការស៊ើបអង្កេត​ខ្ញុំ​អាច​មានសំណុំរឿងសរសេរបាន 27ដ្បិតខ្ញុំ​យល់​ឃើញ​ថាការ​បញ្ជូន​អ្នកទោសទៅ​ដោយ​មិនបញ្ជាក់ពីទោស​របស់​គេ​នោះ​មិន​សម​ហេតុ​ផល​ទេ»។
Copyright information for KhmKCB